ព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» (Angkor Glowing Night) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដោយផ្តល់ឱកាសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាសម្រស់ប្រាង្គប្រាសាទបុរាណក្នុងទិដ្ឋភាពប្លែកពីធម្មតា។ ការរៀបចំពន្លឺសិល្បៈចម្រុះនៅពេលរាត្រី និងទៀបភ្លឺ នឹងបង្កើតបរិយាកាសដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងជាបទពិសោធន៍ទេសចរណ៍ដ៏កម្រនៅតំបន់អង្គរ។


តាមកាលវិភាគ ព្រឹត្តិការណ៍នេះនឹងរៀបចំនៅទីតាំងចំនួន៣ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងខ្លោងទ្វារទន្លេអុំ។ នៅប្រាសាទអង្គរវត្ត ការតាំងបង្ហាញនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៧ ខែធ្នូ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៤:០០ និងនៅថ្ងៃទី៦ ខែធ្នូ ចាប់ពីម៉ោង០៣:០០ ដល់ម៉ោង០៦:០០ ព្រឹក ព្រមទាំងចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៤:០០។ ចំណែកប្រាសាទបាយ័ន និងខ្លោងទ្វារទន្លេអុំ នឹងបើកទទួលភ្ញៀវទស្សនានៅថ្ងៃទី៦ ខែធ្នូ ក្នុងចន្លោះម៉ោង០៣:០០ ដល់ម៉ោង០៦:០០ ព្រឹក និងម៉ោង១៨:០០ ដល់ម៉ោង២៤:០០ យប់។


ព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» ត្រូវបានចាត់ទុកជាឱកាសពិសេសមួយសម្រាប់ភ្ញៀវទេសចរ ក្នុងការស្វែងយល់ និងគយគន់តម្លៃសោភ័ណភាពនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរក្នុងទម្រង់ថ្មី ខណៈពេលដែលពន្លឺសិល្បៈនឹងជួយលើកសម្រស់ប្រាសាទបុរាណឱ្យកាន់តែមានភាពទាក់ទាញ។ ដូច្នេះ សាធារណជន និងភ្ញៀវទេសចរអាចរៀបចំគម្រោងធ្វើដំណើរទៅចូលរួមទស្សនាព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តសៀមរាប៕










