លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nayef Al-Fayez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ ដើម្បីពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុង Xiamen ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានជម្រាបជូនអំពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់គុណតម្លៃនៃអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី។ កម្ពុជាក៏បានបង្ហាញពីឆន្ទៈក្នុងការរួមចំណែកយ៉ាងសកម្ម ដើម្បីជំរុញឱ្យកិច្ចប្រជុំលើកទី២១នេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។
ជំនួបពិភាក្សានេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងជំរុញការចូលរួមរបស់សហគមន៍អន្តរជាតិ ក្នុងការថែរក្សាគុណតម្លៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដែលជាមរតកដ៏មានសារៈសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ៕ដោយ៖ សុភ័ក្រ្ត








