អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងរាជធានី សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងចៀសវាងដាច់ខាតការបោះសំរាមចូលក្នុងប្រព័ន្ធលូ ឬប្រឡាយទឹក ដែលជាមូលហេតុចម្បងបង្កឱ្យមានការកកស្ទះ និងឈានទៅរកការជន់លិចដោយជំនន់ទឹកភ្លៀង។ ការចូលរួមនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យមានភាពស្អាត បរិស្ថានបៃតង និងស័ក្តិសមនឹងការរស់នៅបែបស៊ីវិល័យនាពេលបច្ចុប្បន្ន។


សារអំពាវនាវនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្ទះគំរូ «ឃីង វីឡា» (King Villa) និងបើកការដ្ឋានសាងសង់សួនច្បារ «Mekong Park» លើផ្ទៃដីទំហំ ៥ហិកតា របស់បុរី មេគង្គ លែន (Mekong Land) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់លើចំណុចសំខាន់ការគាំទ្រ វិស័យឯកជនគឺជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន។ ហេតុនេះ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពជូនដល់អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមបានលើកទឹកចិត្តឱ្យមហាជនបន្តជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបេសកកម្មការពារបូរណភាពទឹកដី ទាំងព្រំដែនគោក និងព្រំដែនទឹក ឱ្យបានគង់វង្ស។
ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបានសម្តែងការគាំទ្រចំពោះបុរី មេគង្គ លែន ដែលមិនត្រឹមតែអភិវឌ្ឍលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវិនិយោគសាងសង់សួនច្បារ Mekong Park ទំហំ ៥ហិកតា ដែលជួយកាត់បន្ថយជាតិពុលក្នុងបរិយាកាស និងផ្តល់ជាទីតាំងហាត់ប្រាណដើម្បីសុខភាពប្រជាពលរដ្ឋថែមទៀតផង។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី មេគង្គ លែន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេ អិន អិន ក៏បានរំឭកពីប្រវត្តិ និងមូលដ្ឋានគ្រឹះនៃការបង្កើតបុរី មេគង្គ លែន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រគម្រោងលំនៅឋានរបស់ក្រុមហ៊ុនជារៀងរហូតមក៕ ដោយ៖ ប៉ៃ សុឃីម








