ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាំអំណោយមនុស្សធម៌ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ

KPS99TVសរសេរ:ប៉ៃ សុឃីម

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព នាខេត្តព្រះវិហារ ខណៈបងប្អូនភៀសសឹកទាំងនោះមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។

ពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (វត្តបាក់កាំ) ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ។ ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌នាពេលនេះ បានឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផងដែរ៕

ដោយ៖ ប៉ៃ សុឃីម