ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

នាយករដ្ឋមន្រ្តីកម្ពុជាថា វិស័យអប់រំនិងវិស័យសុខាភិបាលមិនត្រូវកាត់បន្ថយទេក្នុងឆ្នាំ២០២៧

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ថវិកាឆ្នាំ២០២៧ សម្រាប់អប់រំគ្រោងកើន ៤,៦% និងសុខាភិបាល ១,៥% ធៀបនឹងឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៧ នឹងបន្តផ្តល់ការគាំទ្រដល់វិស័យអប់រំ និងសុខាភិបាល ដោយថវិកាសម្រាប់ក្រសួងទាំងពីរមិនត្រូវបានកាត់បន្ថយទេ ប៉ុន្តែមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៦។ សម្ដេចធិបតីបានលើកឡើងថា ការកើនឡើងនេះបង្ហាញពីការបន្តយកចិត្តទុកដាក់លើវិស័យដែលមានសារៈសំខាន់ចំពោះជីវភាព និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងវិស័យអប់រំ ថវិកាឆ្នាំ២០២៧ ត្រូវបានគ្រោងបង្កើន ៤,៦% ពីកម្រិតឆ្នាំ២០២៦ ដែលតាមការគណនាជាចំនួនទឹកប្រាក់ មានកំណើនជាង ២១០ពាន់លានរៀល។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូច្នេះថវិកាអប់រំមិនមានការថយចុះឡើយ ហើយការកើនឡើងនេះនឹងបន្តជួយគាំទ្រដល់ការអនុវត្តការងារនានាក្នុងវិស័យអប់រំ។

ចំណែកក្រសួងសុខាភិបាលវិញ ថវិកាសម្រាប់ឆ្នាំ២០២៧ ត្រូវបានគ្រោងកើន ១,៥% បើប្រៀបធៀបនឹងឆ្នាំ២០២៦ ដែលស្មើប្រមាណ ៤២ពាន់លានរៀល ឬប្រហែល ១០លានដុល្លារអាមេរិក។ សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា តួលេខនេះបង្ហាញថា ថវិកាសម្រាប់វិស័យសុខាភិបាលក៏មានការបន្ថែមដែរ ខណៈការរៀបចំថវិកាឆ្នាំ២០២៧ នៅតែរក្សាការយកចិត្តទុកដាក់លើវិស័យសង្គមសំខាន់ៗទាំងពីរ។ដោយ៖ សុភ័ក្រ្ត