នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិទ្ធភាពរបស់ AI ពឹងផ្អែកយ៉ាងសំខាន់លើទិន្នន័យដែលមាននៅក្នុងប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចបានពន្យល់ថា ប្រសិនបើទិន្នន័យដែលប្រព័ន្ធប្រើប្រាស់មិនមានភាពសុក្រឹត នោះលទ្ធផលដែល AI ទាញយកមកផ្តល់ជូនក៏មិនអាចធានាបាននូវភាពត្រឹមត្រូវដែរ។ ដូច្នេះ គុណភាព និងភាពជាក់លាក់នៃទិន្នន័យ គឺជាចំណុចសំខាន់មួយក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ។
ការថ្លែងរបស់សម្តេច នាយករដ្ឋមន្ត្រីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបង្ហាញការបារម្ភចំពោះលទ្ធភាពដែលមនុស្សអាចពឹងផ្អែកលើ AI កាន់តែខ្លាំង រហូតដល់អនុញ្ញាតឱ្យប្រព័ន្ធនេះក្លាយជាអ្នកសម្រេចចិត្តជំនួសមនុស្ស។
សម្ដេចបានចាត់ទុកការពឹងផ្អែកក្នុងកម្រិតនេះថា អាចបង្កជាគ្រោះថ្នាក់ ដោយសារម៉ាស៊ីន ទោះបីមានសមត្ថភាពខ្ពស់យ៉ាងណាក៏ដោយ ក៏មិនអាចមានលក្ខណៈដូចមនុស្សបានទាំងស្រុងឡើយ។
សម្ដេចធិបតីបានលើកឡើងថា ការសម្រេចចិត្តរបស់មនុស្សតែងពាក់ព័ន្ធនឹងកត្តាចម្រុះ មិនមែនផ្អែកលើទិន្នន័យតែមួយមុខនោះទេ ដោយរួមមានកត្តាវប្បធម៌ អារម្មណ៍ មនោសញ្ចេតនា និងកាលៈទេសៈ។ ហេតុនេះ សម្ដេចបានព្រមានថា ប្រសិនបើមនុស្សចាប់ផ្ដើមប្រើប្រាស់ និងពឹងផ្អែកលើ AI ខ្លាំងពេក រហូតទុកឱ្យ AI ជាអ្នកសម្រេចចិត្ត នោះអាចនាំមកនូវផលវិបាកដែលមិនអាចមើលរំលងបាន។
ដោយ៖ សុភ័ក្រ្ត


