មន្រ្តីឧទ្យានុរក្សប្រចាំការនៅការិយាល័យឧទ្យានជាតិគិរីរម្យ ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តកំពង់ធំ បានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»សរុបចំនួន៣៩ករណីក្នុងនោះ៖ ការលួចបោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដី ធ្វើជាកម្មសិទ្ធិ ចំនួន ២៨ករណី ទំហំដីប្រមាណ ១៨.៥៣ហិកតា។ ក្រុមការងារបានបង្រ្កាបការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥១ហិកតា ចំនួន ៥ករណី។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាព្រឹកនេះ។
ក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងពេលជាមួយគ្នានេះ ក្រុមការងារ បានធ្វើការដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន១ករណី ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម ចំនួន២ករណី និងធ្វើការរុករានទន្ទ្រានដីសង់រោងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ២ករណី។
សូមបញ្ជាក់ថា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោល ហ៊ុមពទ្ធ័លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) អញ្ញាតជន នៅចំណុចបឹងប៉េសេ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។ មន្ត្រីឧទ្យានុរក្សបានទៅដល់ទីតាំង និងបានបង្រ្កាបការលួចដាំបង្គោលរបងឈើ ចំនួន ៣៥បង្គោល ផ្ទៃដីបោះបង្គោលហ៊ុមព័ទ្ធទំហំ ០.៤៥ហិកតា។ មន្ត្រីឧទ្យានុរក្ស កំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ៕
ដោយ៖ ស្រីពី




