ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងសម្ពោធនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧

តាមរដ្ឋបាលខេត្តក្រចេះ ថ្ងៃទី១ ខែតុលា ស្ពានគ្រោងសម្ពោធនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧។ អត្ថបទក៏បញ្ជាក់ថា ស្ពានបានបើកឱ្យធ្វើដំណើរតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តក្រចេះ នាល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

គម្រោងនេះរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ប្រវែង ១៧៦១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩គីឡូម៉ែត្រ រួមមានផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងចំនួន ៤ខ្សែ សម្រាប់ការតភ្ជាប់ការធ្វើដំណើររវាងស្រុកចិត្របុរី នៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច ខេត្តក្រចេះ។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បាននិងកំពុងរួមចំណែកពង្រឹងបណ្តាញដឹកជញ្ជូនជាតិ និងការតភ្ជាប់រវាងតំបន់កណ្តាល និងភូមិភាគឦសាននៃប្រទេស លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ ទិន្នផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ ប្រព័ន្ធឡូជីស្ទីក និងសកម្មភាពសេដ្ឋកិច្ច-សង្គមនៅតាមបណ្តោយតំបន់តភ្ជាប់ សំដៅលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ដោយ៖ ស្រីពី