ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសវនាការជាមួយ ឯកឧត្តម រ៉ាមលី អាប់ដ៍ ហាឌីស (Lt Col Ramli Abd Hadis) ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់អ៊ែម៉ូន ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេ និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាក្នុងការចូលរួមក្នុងឱកាសភាពម្ចាស់ផ្ទះដឹកនាំមហាសន្និបាត VECONAC របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ក្នុងឋានៈជាប្រធានប្តូរវេន និងភាពជាម្ចាស់ផ្ទះដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រៀបចំមហាសន្និបាតVECONAC ជាលើកទី២ ដោយសារការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រេចបាននូវវឌ្ឍនភាពដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងក្របខណ្ឌតំបន់ និងសកលលោក។
ជាមួយគ្នានោះភាគីទាំងពីរ«បានសន្យានឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីសម្រេចបាននូវផ្លែផ្កាជាឧត្តមប្រយោជន៍ជូនអតីតយុទ្ធជនអាស៊ាន»៕ដោយ៖ ស្រីពី











