ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-វៀតណាម ចាប់ដៃគ្នារឹតចំណងកិច្ចសហការអធិការកិច្ច និងរុញច្រានបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែស៊ីជម្រៅ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច សុខ សូកេន ទស្សនកិច្ចវៀតណាមពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអធិការកិច្ច ការបណ្តុះបណ្តាល និងបរិវត្តកម្មឌីជីថល។

ដំណើរទស្សនកិច្ចការងាររយៈពេល ៥ ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម (ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) របស់គណៈប្រតិភូក្រសួងអធិការកិច្ចកម្ពុជា ដឹកនាំដោយ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបើកទំព័រកិច្ចសហប្រតិបត្តិការថ្មីមួយយ៉ាងរឹងមាំជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម។ ក្នុងជំនួបទ្វេភាគីជាមួយ លោក Nguyễn Quốc Đoàn អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ភាគីទាំងពីរបានប្តេជ្ញាបង្កើនប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្តូរបទពិសោធ បណ្តុះបណ្តាលធនធានមនុស្ស និងពិនិត្យលទ្ធភាពបង្កើតក្រុមការងារពិសេសមួយ ដើម្បីសម្របសម្រួលទំនាក់ទំនង និងជំរុញកិច្ចសហការបច្ចេកទេសជាក់ស្តែង សំដៅលើកកម្ពស់អភិបាលកិច្ច និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈនៃប្រទេសទាំងពីរ។

ក្រៅពីកិច្ចប្រជុំទ្វេភាគី លោករដ្ឋមន្ត្រីក៏បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។ ក្នុងឱកាសនោះ ប្រមុខរដ្ឋាភិបាលវៀតណាមបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហការរវាងស្ថាប័នអធិការកិច្ចទាំងពីរ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តចែករំលែកព័ត៌មាន និងសម្របសម្រួលការងារអធិការកិច្ចដែលបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ឆ្លើយតបនឹងការគាំទ្រនេះ លោក សុខ សូកេន បានគូសបញ្ជាក់ថា ភាពជាដៃគូក្នុងវិស័យអធិការកិច្ច គឺជាចលករយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អឱ្យកាន់តែស្អិតរមួត និងមានស្ថិរភាពយូរអង្វែង។

ដំណើរទស្សនកិច្ចនេះកាន់តែមានអត្ថន័យជាក់ស្តែង តាមរយៈការចុះស្វែងយល់ផ្ទាល់នៅស្ថាប័ន និងក្រុមហ៊ុនធំៗរបស់វៀតណាម ដូចជា សាលាកម្មាភិបាលអធិការកិច្ចនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម, ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV), អធិការកិច្ចទីក្រុងហូជីមិញ និងក្រុមហ៊ុន Viettel។ ដំណើរការផ្លាស់ប្តូរបទពិសោធបានផ្តោតលើការដោះស្រាយបណ្តឹង ការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងទិន្នន័យ។ ជាពិសេស ក្រុមហ៊ុន Viettel បានបង្ហាញជំហរយ៉ាងច្បាស់លាស់ក្នុងការគាំទ្រដល់កិច្ចការបរិវត្តកម្មឌីជីថលរបស់ក្រសួងអធិការកិច្ចកម្ពុជា ក្នុងការយកបច្ចេកវិទ្យាទំនើបមកអនុវត្តលើការងារអធិការកិច្ច និងប្រព័ន្ធគ្រប់គ្រងឯកសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ស្រីពី