ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

តំណាងនិយោជក៖ ឆ្នាំ២០២៧ ចំណូលកម្មករកាត់ដេរ និងវិស័យពាក់ព័ន្ធ លើស២៣០ដុល្លារ បើបូកអត្ថប្រយោជន៍

តំណាងនិយោជកលើកឡើងថា សម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប បើបូកប្រាក់ឧបត្ថម្ភដែលលោកបានរៀបរាប់ លើប្រាក់ឈ្នួលគោល ២១២ដុល្លារ សម្រាប់ឆ្នាំ២០២៧ ចំណូលប្រចាំខែអាចដល់ ២៣១.៥ដុល្លារ។

តំណាងភាគីនិយោជក អ្នកឧកញ៉ា ណាង សុធី បានគូសបញ្ជាក់ថា ចំនួនទឹកប្រាក់ពិតប្រាកដដែលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ទទួលបានក្នុងឆ្នាំ២០២៧ មិនមែនមានត្រឹមតែប្រាក់ឈ្នួលគោល ២១២ដុល្លារក្នុងមួយខែនោះឡើយ បើបូកសរុបអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងៗ ទទួលបានជាង២៣០ដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

តំណាងភាគីនិយោជក បានបន្ថែមថា ជាក់ស្តែង ប្រសិនបើគិតបញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលជាកាតព្វកិច្ចច្បាប់របស់និយោជក ទឹកប្រាក់សរុបនឹងកើនឡើងរហូតដល់ ២៣១.៥ដុល្លារ ក្នុងមួយខែ ដែលជាអត្រាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

ការកើនឡើងបន្ថែមចំនួន ១៩.៥ដុល្លារនេះ ត្រូវបាន អ្នកឧកញ៉ាពន្យល់ថា កើតចេញពីប្រាក់រង្វាន់ការងារទៀងទាត់ ១០ដុល្លារ, ប្រាក់ឧបត្ថម្ភការស្នាក់នៅនិងធ្វើដំណើរ ៧ដុល្លារ រួមទាំងប្រាក់គាំទ្រថ្លៃដឹកជញ្ជូននិងប្រេងឥន្ធនៈ ២.៥ដុល្លារទៀត។ ដោយឡែក សេចក្តីជូនដំណឹងផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២.៥ដុល្លារនេះ បន្តផ្តល់ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈ។ ទន្ទឹមនឹងនេះ លោកបានលើកឡើងថា ការរក្សាតួលេខប្រាក់ឈ្នួលផ្លូវការត្រឹម ២១២ដុល្លារ គឺជាយុទ្ធសាស្ត្រប្រកបដោយភាពវៃឆ្លាតរបស់រាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ក្នុងគោលបំណងរក្សាភាពប្រកួតប្រជែង និងទាក់ទាញលំហូរវិនិយោគិនបរទេសមកកាន់កម្ពុជាឱ្យកាន់តែច្រើន៕ដោយ៖ ស្រីពី