ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សូមអាណាព្យាបាលបង្កើនការប្រុងប្រយ័ត្ន! តៃកុងរថយន្តដឹកសិស្សនៅកណ្តាល ត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ពីបទល្មើសផ្លូវភេទលើកុមារ៣នាក់

នគរបាលខេត្តកណ្តាលបានបញ្ជាក់នៅថ្ងៃទី២ ខែតុលាថា កុមារី៣នាក់ត្រូវបានកំណត់ថាជាជនរងគ្រោះក្នុងសំណុំរឿងបទល្មើសផ្លូវភេទ ពាក់ព័ន្ធនឹងអ្នកបើករថយន្តដឹកសិស្សម្នាក់ ដែលត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់។

បុរសម្នាក់ជាអ្នកបើករថយន្តដឹកសិស្សនៅសាលាឯកជនមួយ ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធបទចោទរំលោភ និងបៀតបៀនផ្លូវភេទលើកុមារ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានបញ្ជាក់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញកុមារីចំនួន៣នាក់ជាជនរងគ្រោះ។

ជនសង្ស័យឈ្មោះ ស៊ឹម សុគា អាយុ៣៥ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំលោភសេពសន្ថវៈ ដែលមានស្ថានទម្ងន់ទោស» បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងសុំកិច្ចប្រតិបត្តិការស៊ើបអង្កេតរបស់ អង្គភាពការពារកុមារ (CPU)។ ទន្ទឹមនេះ សារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា អាចមានកុមារីជាង៤០នាក់ជាជនរងគ្រោះ ប៉ុន្តែតាមកំណត់ហេតុរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បច្ចុប្បន្នមានកុមារី៣នាក់ដែលត្រូវបានកំណត់ថាជាជនរងគ្រោះក្នុងករណីនេះ។

តាមអង្គភាពការពារកុមារ ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពតាមការចោទប្រកាន់។ សមត្ថកិច្ចក៏បានរកឃើញថា មានការបង្កប់កាមេរ៉ានៅក្នុងបន្ទប់ក្មេងស្រី ខណៈអង្គភាពការពារកុមារបានបញ្ជាក់ថា ជនសង្ស័យមានការប្រើប្រាស់សារធាតុញៀន និងចូលចិត្តមើលរូបភាពអាសអាភាសតាមទូរសព្ទដៃ។ ករណីនេះកំពុងត្រូវបានអនុវត្តនីតិវិធីបន្តតាមច្បាប់។