ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សង្គ្រោះបន្ទាន់ទាន់ពេលវេលា! អូប័រល្បឿនលឿន និងរថយន្តសង្គ្រោះអ្នកឧកញ៉ា ទៀ វិចិត្រ ដឹកក្មេងប្រុសត្រូវពស់ពិសចឹកពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

សរសេរ:ប៉ៃ សុឃីម

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ បានប្រើអូប័រ និងរថយន្តសង្គ្រោះ GTVC ដឹកក្មេងប្រុសត្រូវពស់ពិសចឹកពីក្រុងកោះរ៉ុង ទៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖ ករណីសង្គ្រោះបន្ទាន់មួយត្រូវបានធ្វើឡើងទាន់ពេលវេលា កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយអ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់ចែងក្រុមការងារចេញអន្តរាគមន៍ជួយសង្គ្រោះក្មេងប្រុសម្នាក់ ដែលរងគ្រោះដោយសារសត្វពស់មានពិសចឹក នៅលើភូមិសាស្ត្រក្រុងកោះរ៉ុង។


ភ្លាមៗបន្ទាប់ពីទទួលបានដំណឹង អូប័រល្បឿនលឿនរបស់ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ត្រូវបានបញ្ជូនចេញទៅទទួលយកកុមារារងគ្រោះពីដែនកោះ ឆ្លងកាត់ផ្ទៃសមុទ្រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព។


បន្ទាប់មក រថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា បានរង់ចាំទទួល និងបន្តដឹកបញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងខេត្តព្រះសីហនុភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះជីវិត និងព្យាបាលជាតិពិសបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម