ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមកម្មវិធីដាល់អំបុកនៅកោះរ៉ុង ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ កម្មវិធីនេះមានការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយបានបង្កើតបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាលក្នុងការចូលរួមអបអរពិធីបុណ្យប្រពៃណីជាតិ







ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងភ្ញៀវទេសចរ បានចូលរួមកម្សាន្តសប្បាយជាមួយសកម្មភាពតាមទំនៀមទម្លាប់ខ្មែរជាច្រើន ដូចជា៖ ការបោកស្រូវ បុកអំបុក លីងអំបុក រែងអង្កាម និងអកអំបុករួមគ្នា។ សកម្មភាពទាំងនេះមិនត្រឹមតែបង្ហាញពីភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងការស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ។ ជាពិសេស ការរៀបចំកម្មវិធីនេះបានរួមចំណែកថែរក្សា អភិរក្ស និងផ្សព្វផ្សាយមរតកវប្បធម៌ជាតិឱ្យបន្តស្ថិតស្ថេរពីមួយជំនាន់ទៅមួយជំនាន់

ក្រៅពីការលើកកម្ពស់ការថែរក្សាប្រពៃណីជាតិ កម្មវិធីដាល់អំបុកកោះរ៉ុងក៏ជាផ្នែកមួយក្នុងការផ្សារភ្ជាប់វប្បធម៌ជាមួយវិស័យទេសចរណ៍ ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កោះរ៉ុងទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការរៀបចំសកម្មភាពវប្បធម៌បែបនេះក៏ជួយបង្កើតបទពិសោធន៍ថ្មីៗដល់ភ្ញៀវទេសចរ និងជំរុញឱ្យគោលដៅទេសចរណ៍កោះរ៉ុងកាន់តែមានភាពទាក់ទាញក្នុងឱកាសពិធីបុណ្យជាតិផងដែរ។ ដោយ៖ សុភ័ក្រ្ត











