ខេត្តព្រះសីហនុ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ (ថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦) ស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងខេត្តព្រះសីហនុ មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយពុំមានបទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងឡើយ បើទោះបីជាខេត្តបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១៥ម៉ឺននាក់ មកកម្សាន្តក៏ដោយ។
លទ្ធផលជាវិជ្ជមាននេះ កើតចេញពីការដឹកនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការលះបង់របស់កងកម្លាំងនគរបាលខេត្តព្រះសីហនុចំនួន ៦១០នាក់ ដែលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះការពារសន្តិសុខយ៉ាងតឹងរ៉ឹងនៅតាមវត្តអារាមទាំង ៤០វត្ត រមណីយដ្ឋាន ឆ្នេរសមុទ្រ និងតំបន់កម្សាន្តនានា។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ជំហរថា កងកម្លាំងនឹងបន្តពង្រឹងវិធានការការពារ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទជាបន្តទៀត ដើម្បីធានាសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរគ្រប់ពេលវេលា៕ដោយ៖ ប៉ៃ សុឃីម


























